រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ទោះបីកម្ពុជាព្យាយាមអត់ធ្មត់ ជ្រើសរើសយកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែកម្ពុជាមិនដែលចុះញ៉មនឹងទង្វើឈ្លានពាន ការគំរាមកំហែង និងការដាក់សម្ពាធពីថៃឡើយ

admin By admin January 22, 2026

(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ បានលើកឡើងថា ទោះបីកម្ពុជាព្យាយាមអត់ធ្មត់ ហើយជ្រើសរើសយកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ប៉ុន្តែកម្ពុជាមិនដែលបានចុះញ៉មនឹងទង្វើឈ្លានពាន ការគំរាមកំហែង និងការដាក់សម្ពាធពីប្រទេសថៃឡើយ។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ។ នៅចំពោះមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រឈមមុខនឹងស្ថានភាពឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាព បូរណភាពទឹលដីកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទល់ និងការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដីនិងអធិបតេយ្យជាតិពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងដៃម្ខាងរក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពសេដ្ឋកិច្ច-សង្គម ពាណិជ្ជកម្ម និងការវិនិយោគ ជាមួយនឹងការខិតខំតស៊ូតាមផ្លូវការទូតដោយផ្អែកលើច្បាប់អន្តរជាតិ និងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអាស៊ាន សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចនៅក្នុងការបញ្ចប់សង្គ្រាមឈ្លានពានពីសំណាក់ កងទ័ពថៃ ដើម្បីការពារការបាត់បង់អាយុជីវិត និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈការកិច្ចខិតខំប្រឹងប្រែងនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសេក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពជាមួយភាគីថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានអាមេរិក និងម៉ាឡេស៊ីជាប្រធានអាស៊ាន ធ្វើជាសាក្សី។ ទោះបីជាមានសេក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ និងមានការតាមដានស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពីសំណាក់ក្រុមអ្នកសង្កេតការអាស៊ានក៏ដោយ ក៏ភាគីថៃ តែងតែបង្កអរិយភាព ញុះញង់ និងធ្វើសកម្មភាពរំលោភបំពានចូលមកក្នុង អធិបតេយ្យភាពកម្ពុជាដោយមិនគោរពកិច្ចព្រមព្រៀង ច្បាប់អន្តរជាតិ និងបានរុញច្រានសភាពការណ៍ព្រំដែននៅជួរមុខឱ្យមានភាពតានតឹងផ្នែកកម្លាំងប្រដាប់អាវុធឡើងវិញដូចជាការរំលោភចូលមកកាន់កាប់ទាំងកំរោល ការឈូសឆាយ និងបោះទីតាំងកងទ័ពថៃមនៅកៀកជិតនឹងតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ការល្បាត និងការរាយបន្លាលួសរំលោភចូលទីតាំងដីកម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន ការប្រឌិតរឿងថាកម្ពុជាបានដាក់មីនថ្មីនៅព្រំដែន ដែលជាដើមហេតុនឈានទៅរកការផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែនជាដើម។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរមកលើប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលបណ្តាលប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើននាក់ ព្រមទាំងវីរកងទ័ពកម្ពុជា នគរបាលជាតិការពារព្រំដែន បានបាត់បងជីវិត របួស ពិការជាច្រើននាក់ ហើយថែមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម មណ្ឌលសុខភាព សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសម្បតិ្តបេតិកភណ្ឌពិភពលោក គឺប្រាសាទព្រះវិហារ និងប្រាសាទបុរាណកេរដំណែលដូនតាខ្មែរទទៃទៀតជាច្រើន និងបង្កើតឱ្យមានជនភៀសសឹកជាងកន្លះលាកនាក់ ត្រូវជម្លៀសទៅរកទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ជាមួយនឹងការប្រមាថពីសំណាក់ប្រទេសថៃ ដោយឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងជាតិសាសន៍របស់យើង វាជាការឈឺចាប់គ្រប់គ្រាន់រួចស្រេចទៅហើយ ដើម្បីប្រែក្លាយជាកម្លាំងរួមគ្នាកសាងប្រទេសរបស់យើងឡើងវិញ ជាមួយនឹងការលះបង់គ្រប់បែបយ៉ាងរបស់ថ្នាក់ដឹកនាំប្រទេសជាតិ វីរកងទ័ព និងវីរនគរបាលតស៊ូប្រឆាំងនឹងការឈ្លានពាន។ ដូច្នេះ សូមបងប្អូនទាំងអស់ដែលនៅសមរភូមិក្រោយ ត្រូវរួមគ្នាទាំងកម្លាំងចិត្ត ស្មារតី នឹកគិតដល់ការលះបង់ ការពលីជីវិត និងរបួសរបស់វីរកងទ័ព និងវីរនគរបាលជួរមុខ ដើម្បីការពារជាតិ ការពារទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *