នៅរសៀលនេះ ប្រមុខការទូតកម្ពុជា ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅហ្វីលីពីន

admin By admin January 27, 2026

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ការចូលរួមកិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន។ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ព្រមទាំងពិភាក្សាអំពីអាទិភាព និងសមិទ្ធផលសំខាន់ៗ ក្រោមភាពជា ប្រធានអាស៊ានរបស់ហ្វីលីពីនសម្រាប់ឆ្នាំ២០២៦ ក្នុងគោលបំណង សម្រេចឲ្យបាននូវសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈលើទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលប្រែប្រួលយ៉ាងឆាប់រហ័ស ក៏ដូចជាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដែលរួមមានការវិវត្តនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏គ្រោងនឹងមានជំនួបដាច់ដោយឡែក ជាមួយសមភាគីអាស៊ានមួយចំនួនផងដែរ ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី សម្រាប់ជាផលប្រយោជន៍ និងអត្ថប្រយោជន៍ទៅវិញទៅមក៕

Leave a Reply

Your email address will not be published. Required fields are marked *