ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន

admin By admin March 28, 2026

(បន្ទាយមានជ័យ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។ ការចុះសង្កេតការណ៍លើកនេះ ជាបេសកកម្មប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍ ដែលអាណត្តិដឹកនាំដោយប្រទេសម៉ាឡេស៊ីបានបញ្ចប់ ហើយនឹងផ្ទេរជូនប្រទេសហ្វីលីពីន ដឹកនាំបន្ត ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅរកការស្ដារឡើងវិញនូវប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *